
វ៉ាក់សាំង គឺជាសមាសធាតុគីមីជីវៈ ភ្ញោចប្រព័ន្ធភាពស៊ាំការពាររាងកាយឱ្យស្គាល់ ចំណាំមេរោគ និងបំផ្លាញពេលមេរោគចូល។ វាមិនខុសពីការប្រើថ្នាំការចាក់វ៉ាក់សាំងក៏អាចផ្តល់ឲ្យអ្នកនូវផលល្អ និងមិនល្អដូចគ្នា ដែលវាអាស្រ័យនឹងស្ថានភាពអ្នកចាក់ និងប្រភេទនៃវ៉ាក់សាំដែលចាក់។ ចង់ដឹងថា ផលវិជ្ជមាន និងអវិជ្ជមានទាំងនោះមានអ្វីខ្លះ សូមតាមដានអត្ថបទខាងក្រោម៖
១. ផលវិជ្ជមាន
ការចាក់វ៉ាក់សាំងផ្តល់នូវគុណសម្បត្តិជាច្រើនទៅតាមបុគ្គលអ្នកចាក់ និងប្រភេទថ្នាំបង្ការ ដែលរួមមាន៖
• ការពារទុកជាមុនពីជំងឺងាយឆ្លងមួយចំនួន ដោយហេតុថា វាផ្តល់នូវភាពងាយស្រួលជាងការព្យាបាល
• រក្សាជីវិតអ្នក ពីហានិភ័យនៃជំងឺធ្ងន់ធ្ងរ ឬជំងឺដែលងាយឆ្លង និងករណីខ្លះ បន្ថយភាពធ្ងន់ធ្ងរដែលពិបាកក្នុងការព្យាបាល
• កាត់បន្ថយការឆ្លងរាលដាលមកដល់ខ្លួនអ្នក ឬទៅកាន់អ្នកដទៃទៀត នៅពេលអ្នកត្រូវទៅ ឬត្រឡប់ពីតំបន់ដែលប្រឈមនានា
• សារធាតុក្នុងវ៉ាក់សាំងមានកម្រិតកំណត់ដែលមានសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់
• ការពារក្រុមមនុស្សក្នុងសហគមន៍មួយពីជំងឺធ្ងន់ធ្ងរ ពិសេសក៏អាចការពារដល់ទារកទើបនឹងកើត ឬដែលពុំទាន់បានចាក់វ៉ាក់សាំង និងអ្នកជំងឺរ៉ាំរ៉ៃដែលមិនអាចចាក់វ៉ាក់សាំងបាន
• អាចការពាររហូតដល់អ្នកជំនាន់ក្រោយបាន ករណីវ៉ាក់សាំងមួយចំនួនដែលតម្រូវឱ្យចាក់សម្រាប់ស្ត្រីមានផ្ទៃពោះ
• សន្សំសំចៃថវិការ និងពេលវេលា ដោយហេតុថាបើមិនបានចាក់ការពារអ្នកអាចនឹងងាយប្រឈមជាមួយជំងឺ និងត្រូវធ្វើការព្យាបាល ដែលជាហេតុធ្វើឱ្យអ្នកខាតទាំងពេលវេលា និងទ្រព្យសម្បត្តិ។
២. ផលអវិជ្ជមាន
បន្ទាប់ពីចាក់វ៉ាក់សាំងមិនថាអ្នក ឬក្មេងតូចៗនោះទេ តែងប្រឈមនឹងផលរំខាននៃវ៉ាក់សាំងដែលភាគច្រើនគឺ ក្តៅខ្លួន ឬរមាស់តិចតួច។ អាការៈទាំងនេះមិនប៉ះពាល់ដល់ដំណើរការណាមួយនៃរាងកាយនោះទេ ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលត្រឹមពីរ ទៅបីថ្ងៃបន្ទាប់។ ករណីកម្រខ្លះ អាចផ្តល់ផលរំខានធ្ងន់ធ្ងរដូចជាការកើតមាននូវប្រតិកម្មអាល្លែកហ្ស៊ីភ្លាមៗ បន្ទាប់ពីចាក់វ៉ាក់សាំង រួមមានរមាស់ពេញខ្លួនខ្លាំង ពិបាកដកដង្ហើមភ្លាមៗ ឬរហូតដល់សន្លប់។
ការចាក់វ៉ាកសាំងផ្តល់នូវផលវិជ្ជមានច្រើនជាងផលអវិជ្ជមាន ដែលគ្រប់គ្នាមិនគួរមើលរំលង ប៉ុន្តែយ៉ាងហោចណាស់អ្នកក៏ត្រូវប្រឹក្សាជាមួយគ្រូពេទ្យមុននឹងចាក់ដែរ៕


Comments