Serey is utilizing Blockchain technology

គន្លឹះខ្លះៗឪពុកម្តាយគួរដឹងទាក់ទងនឹងការនាំកូនៗទៅចាក់វ៉ាក់សាំង

sivya


មាតាបិតាគ្រប់រូបបានដឹងរួចមកហើយអំពីផលប្រយោជន៍ជាច្រើននៃការចាក់វ៉ាក់សាំង ពិសេសចំពោះកូនតូចៗរបស់អ្នក ដែលពួកគេហាក់ងាយរកគ្រោះថ្នាក់ពីជំងឺកាចសាហាវមួយចំនួនបំផុត។ ហេតុនេះ អ្នកចៀសមិនផុតពីការនាំកូនៗរបស់អ្នកទៅចាក់វ៉ាក់សាំងនោះទេ។


តែថាដើម្បីមានភាពងាយស្រួលអ្នកចាំបាច់ត្រូវយល់ដឹងអំពីគន្លឹះខ្លះៗបន្ថែម ដូចជា នៅមុនពេល អំឡុងពេល និងក្រោយពេលចាក់វ៉ាក់សាំង ក៏ដូចជាប្រភេទវ៉ាក់សាំងដែលកូនអ្នកគួរចាក់។


១. មុនពេល អំឡុងពេល និងក្រោយពេលចាក់វ៉ាក់សាំង


• មុនពេលចាក់៖ ចាំបាច់អ្នកត្រូវប្រឹក្សាដើម្បីធ្វើការណាត់ថ្ងៃដែលត្រូវចាក់វ៉ាក់សាំងដល់កូនរបស់អ្នក។ គួរបញ្ជាក់ថា វ៉ាក់សាំងខ្លះត្រូវចាក់តែម្តង រីឯខ្លះទៀតតម្រូវឲ្យចាក់ច្រើនដងតាមការកំណត់ ដើម្បីទទួលបានប្រសិទ្ធភាពពេលលេញ ដែលអ្នកត្រូវចងចាំនូវថ្ងៃត្រូវចាក់បន្ត។ ម៉្យាង អ្នកត្រូវស្លៀកពាក់ឱ្យកូនដោយធ្វើយ៉ាងណា ឱ្យងាយស្រួលដល់ការចាក់។ ករណីកូនរបស់អ្នកធ្លាប់មានប្រតិកម្មណាមួយ បន្ទាប់ពីចាក់វ៉ាក់សាំងពីមុន ឬមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយ អ្នកត្រូវប្រាប់គ្រូពេទ្យជាមុន។


• អំឡុងពេលចាក់៖ អ្នកត្រូវជួយទប់កូនរបស់អ្នក រក្សាចិត្តនឹងនរ និងមិនត្រូវភ័យដាច់ខាត ព្រោះធ្វើឱ្យទារកភ័យ ឬនៅមិនស្ងៀមតាមអ្នកដែរ។ ប្រសិនកូនអ្នកធំល្មមអាចដឹង អ្នកត្រូវណែនាំពួកគេឱ្យដឹងថាការចាក់វ៉ាក់សាំង ពិតជាល្អបំផុតចំពោះពួកគេ។


• ក្រោយពេលចាក់៖ អ្នកត្រូវដឹងពីវ៉ាក់សាំងដែលកូនរបស់អ្នកបានចាក់ នឹងកត់ត្រាចំណាំ ក្នុងសៀវភៅចាក់វ៉ាក់សាំង។ ជាទូទៅ ក្រោយពីចាក់វ៉ាក់សាំងកូនអ្នកអាចនឹងមាននូវផលរំខានមួយចំនួនដូចជា មានកន្ទួលក្រហមនៅកន្លែងចាក់ និងក្តៅខ្លួនដែលអ្នកអាចផ្តល់នូវថ្នាំបំបាត់អាការៈក្តៅខ្លួនទាំងនោះបាន។ សញ្ញានេះនឹងកើតមានឡើងត្រឹមពីរ ទៅបីថ្ងៃយ៉ាងយូរ តែបើនៅតែបន្តក្តៅមិនបាត់ត្រូវប្រញាប់ទៅជួបគ្រូពេទ្យវិញជាបន្ទាន់។


២. ប្រភេទវ៉ាក់សាំងដែលកូនរបស់អ្នកគួរទទួលបាន


វ៉ាក់សាំងភាគច្រើនត្រូវបានណែនាំឱ្យចាក់តាំងកូនអ្នកទើបតែកើត និងបន្តបន្ទាប់ខុសៗគ្នា តាមប្រភេទ ដែលរួមមាន៖


• វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ B

• វ៉ាក់សាំងការពារជំងឺរលាកថ្លើមប្រភេទ A

• វ៉ាក់សាំងការពារជំងឺរបេង

• វ៉ាក់សាំងការពារជំងឺគ្រុនស្វិតដៃជើង

• វ៉ាក់សាំងការពារជំងឺខាន់ស្លាក់ តេតាណូស ក្អកមាន់

• វ៉ាក់សាំងការពារជំងឺកញ្ជ្រិល ស្អូច ស្រឡទែន

• វ៉ាក់សាំងការពារជំងឺអ៊ុតស្វាយ

• វ៉ាក់សាំងការពារជំងឺរលាកស្រោមខួរ

• វ៉ាក់សាំងការពារជំងឺរលាកសួត

• វ៉ាក់សាំងការពារជំងឺរាកបង្កដោយ Rotavirus

• វ៉ាក់សាំងការពារជំងឺផ្តាសាយធំ

• វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន

• វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត។


វាពិតជាសំខាន់ក្នុងការចាក់វ៉ាក់សាំងតាមការកំណត់ ដើម្បីឱ្យកូនៗរបស់អ្នកទទួលបានការការពារពេលលេញ និងរហូតមួយជីវិតរបស់ពួកគេ៕

1047.775 SRY$0.00
SmartVey

Comments