Serey is utilizing Blockchain technology

គ្រោះថ្នាក់នៃជំងឺតេតាណូស ដែលអ្នកត្រូវប្រុងប្រយ័ត្ន

sivya


១. និយមន័យ

តេតាណូស គឺជាជំងឺធ្ងន់ធ្ងរមួយបង្កឡើងដោយបាក់តេរី Clostridium ដែលរស់នៅក្នុងដី ទឹកមាត់ ធូលីញ សម្រាម សម្ភារៈមិនស្អាត និងលាមកសត្វ ដែលកើតឡើងដោយកម្រនៅប្រទេសអភិវឌ្ឍ និងកើតមានជាធម្មតា ចំពោះប្រទេសកំពុងអភិវឌ្ឍមួយចំនួន។


២. រោគសញ្ញា

សញ្ញានៃជំងឺតេតាណូសអាចលេចឡើងគ្រប់ពេលចាប់ពី ៣ ថ្ងៃទៅច្រើនសប្តាហ៍ក្រោយ បន្ទាប់ពីបាក់តេរីបានចូលទៅក្នុងខ្លួនរបស់អ្នក តាមរយៈដំបៅ ឬមុខរបួស ដែលជាមធ្យមរយៈពេលដែលវាសម្ងំត្រឹម៧-១០ថ្ងៃប៉ុណ្ណោះ ទើបអ្នកជំងឺនឹងផ្តើមចេញអាការៈដូចជា៖

• រឹងសាច់ដុំថ្គាម និងសាច់ដុំក សាច់ដុំពោះ ពិបាកលេប មិនអាចទំពារបាន ឬបើកមាត់បាន មិនអាចដកដង្ហើមបាន កន្ត្រាក់រមួលសាច់ដុំរាងកាយច្រើននាទី នៅពេលមានសម្លេងខ្លាំង ការប៉ះរាងកាយ ឬពន្លឺ។

• ក្រៅពីនេះ ក៏មានអាការៈរួមផ្សំផ្សេងទៀតរួមមាន ក្តៅខ្លួន បែកញើស សម្ពាធឈាមកើនឡើង ចង្វាក់បេះដូងលឿនខ្លាំង។


៣. ការចម្លងជំងឺ

បាក់តេរីនេះអាចឆ្លងចូលក្នុងរាងកាយរបស់អ្នកបានតាមរយៈការមុត ដូចជានៅពេលកាត់ក្រចក ឬពេលរលាកផ្សេងៗ មានស្នាមដំបៅ ការវះកាត់ និងចំពោះទារកដោយសារតែការកាត់ទងផ្ចិតមិនស្អាត។


៤.ផលវិបាកដ៏គ្រោះថ្នាក់

បាក់ឆ្អឹង ស្ទះសរសៃឈាមសួត និងអាចរហូតដល់អ្នកជំងឺមិនអាចដកដង្ហើមបាន បណ្តាលឲ្យស្លាប់ សុទ្ធតែជាផលវិបាកដ៏គ្រោះថ្នាក់នៃជំងឺតេតាណូស។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចធ្វើការការពារជំងឺតេតាណូសបាន ដោយធ្វើការចាក់វ៉ាក់សាំងឲ្យត្រូវតាមកំណត់ និងការណែនាំរបស់គ្រូពេទ្យ។


៥.ហានិភ័យ និងការព្យាបាល

លោកអ្នកអាចស្ថិតក្នុងហានិភ័យខ្ពស់ក្នុងការប្រឈមនឹងការកើតជំងឺតេតាណូស ក្នុងករណីអ្នកបរាជ័យក្នុងការចាក់វ៉ាក់សាំង របួសដែលអាចឲ្យបាក់តេរីចូលបាន។ អ្នកត្រូវដឹងថា ជំងឺតេតាណូសមិនអាចព្យាបាលឲ្យជានោះទេ ការព្យាបាលផ្តោតតែលើការសម្រួលដល់ផលរំខានថរហូតដល់ ផលប៉ះពាល់នៃជាតិពុលរបស់តេតាណូសត្រូវបានដោះស្រាយ ឬការព្យាបាលទៅតាមរោគសញ្ញាដែលកើតមានឡើង។


៦. ការការពារត្រឹមត្រូវ

បាក់តេរី Clostridium នេះអាចបង្កើតជាតិពុលមានអនុភាពលើសរសៃប្រសាទដែលគ្រប់គ្រងសាច់ដុំរបស់អ្នករាងកាយរបស់អ្នកទាំងមូល ដែលទាមទារឲ្យមានការព្យាបាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ ស្ទើរតែគ្រប់ករណីនៃអ្នកជំងឺតេតាណូស កើតមានឡើងដោយសារតែមិនបានចាក់វ៉ាក់សាំងតាំងពីកុមារភាព ឬអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការបន្ថែមរៀងរាល់១០ឆ្នាំម្តង។ ប្រសិនអ្នក ត្រូវបានមុតជាមួយឧបករណ៍ របស់មិនស្អាត ឬរបួសរបស់អ្នកមានប៉ះចំសម្ភារៈសង្ស័យថាមានមេរោគនេះ អ្នកត្រូវជួបគ្រូពេទ្យ ហើយចាក់វ៉ាក់សាំងការពារតេតាណូសរំឭកបន្ថែមភ្លាមៗ។ លើសពីនេះ ការលាងសម្អាតមុខរបួសឲ្យបានឆាប់ និងត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ អាចបង្ការការឆ្លងមេរោគតេតាណូសដោយប្រសិទ្ធភាព។


ដោយហេតុថាប្រទេកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ដែលងាយទទួលរងគ្រោះថ្នាក់ដោយសារតែជំងឺឆ្លង ក៏ដូចជាជំងឺតេតាណូស ក្នុងកម្រិតគួរឲ្យព្រួយបារម្ភ ដូច្នេះប្រជាជនទាំងអស់ចាំបាច់ត្រូវយល់ដឹងពីគ្រោះថ្នាក់ និងការការពារឲ្យបានទូលាយ។

2970.667 SRY$0.00
SmartVey

Comments