គ្រឹះស្ថានអង្គរដែលកត់ត្រាទុកចំនួនទេសចរអន្តរជាតិទៅទស្សនាប្រាសាទអង្គរវត្តបានឲ្យដឹងថា នៅក្នុងរយៈ ៤ខែដំបូងនៃឆ្នាំ២០២៥ ចំនួនទេសចរចិនបានកើនឡើង ២៩ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ចំនួននេះបានធ្វើឲ្យទេសចរចិនឈរនៅលំដាប់ទី៤ នៃចំនួនភ្ញៀវដែលទៅទស្សនាប្រាសាទបុរាណរបស់ខ្មែរច្រើនជាងគេបំផុតក្នុងខេត្តសៀមរាប។ តាមអ្នកគ្រប់គ្រងគ្រឹះស្ថានអង្គរ កំណើនភ្ញៀវបានមកពីស្ថានភាពល្អប្រសើរនៃហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាប និងការផ្សព្វផ្សាយផ្សេងៗទៀត។
តាមរបាយការណ៍ស្ថិតិរបស់គ្រឹះស្ថានអង្គរ ទេសរចចិនដែលទៅទស្សនាសួនឧទ្យានប្រាសាទក្នុងខេត្តសៀមរាបមានចំនួន ៣៦,៣៦៨នាក់ គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ពោលមានការកើនឡើងចំនួន ២៨,១៧២នាក់ បើធៀបនឹងឆ្នាំ ២០២៤ ក្នុងរយៈពេលដូចគ្នា។ របាយការណ៍ដដែលបានបង្ហាញថា ទេសចរមកពីសហរដ្ឋអាមេរិក បារាំង និងប្រទេសអង់គ្លេសនាំមុខប្រទេសចិន ហើយបើតាមមន្ត្រីគ្រឹះស្ថានអង្គរ កំណើនទេសចរអន្តរជាតិនៅប្រាសាទអង្គរវត្តបានមកពីភាពល្អប្រសើរនៃហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អជាច្រើនផ្សេងទៀត។
អគ្គនាយកគ្រឹះស្ថានអង្គរ លោកលី សែប្រាប់វិទ្យុបារាំង RFI នៅថ្ងៃទី១៣ ខែឧសភានេះថា កត្តាសុវត្ថិភាពក្នុងខេត្តសៀមរាប និងក្នុងទឹកដីកម្ពុជាទាំងមូល គឺជាចំណុចសំខាន់មួយដែលបានជួយទាក់ទាញទេសចរអន្តរជាតិឲ្យមកទស្សនាសួនឧទ្យានប្រាសាទបុរាណរបស់ខ្មែរ។
ក្រៅពីនេះ និងបើតាមលោកលី សែ ការធ្វើបដិសណ្ឋារកិច្ច ការផ្តល់សេវាកម្មនានាដែលមានភាពប្រសើរ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អ រួមទាំងការផ្សព្វផ្សាយតៗគ្នារបស់ភ្ញៀវក៏បានរួមចំណែកដល់កំណើនភ្ញៀវអន្តរជាតិដែរ។
ដោយឡែក របាយការណ៍ផ្សេងមួយទៀតបានបង្ហាញថា ទេសចរបរទេសជាង ៤៧ម៉ឺននាក់មកពី ១៧១ប្រទេសដែលបានទៅកម្សាន្តនៅសួនឧទ្យានប្រាសាទបុរាណខ្មែរក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ ២០២៥ បានផ្តល់ចំណូលសរុបជាង២២លានដុល្លារសហរដ្ឋអាមេរិកពីការលក់សំបុត្រ។ គួររម្លឹកថា វិស័យទេសចរណ៍កម្ពុជាបាន និងកំពុងងើបឡើងវិញបណ្តើរៗ ក្រោយពីបានធ្លាក់ចុះដោយជំងឺឆ្លងរាតត្បាតសកលកូវីដ១៩ កាលពី៥ឆ្នាំមុន។
ជំងឺឆ្លងរាតត្បាតសកលមួយនេះកាលណោះបានធ្វើឲ្យសណ្ឋាគារ និងផ្ទះសំណាក់រាប់រយកន្លែងបិទទ្វារ ហើយអ្នកដែលធ្លាប់ពឹងពាក់នឹងវិស័យមួយនេះក៏បានងាកទៅប្រកបរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ឬក៏សងបំណុលគ្រឹះស្ថានហិរញ្ញវត្ថុ។


Comments