Serey is utilizing Blockchain technology

គន្លឹះសំខាន់ៗ ថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់

sivya

ការថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់មានសារៈសំខាន់ណាស់ ព្រោះអាកាសធាតុត្រជាក់អាចបង្កបញ្ហាសុខភាពដូចជា ជំងឺហឺត ផ្តាសាយ ឈឺបំពង់ក ឈឺសន្លាក់ និងបង្កើនហានិភ័យនៃការគាំងបេះដូង។ តើយើងត្រូវធ្វើដូចម្តេចដើម្បីថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់?




យើងអាចសាកល្បងថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់តាមវិធីសាស្រ្តដូចខាងក្រោម៖


១. រក្សារាងកាយឱ្យមានភាពកក់ក្តៅ

ប្រសិនបើរងា យើងគួរពាក់អាវរងា ស្រោមដៃ ស្រោមជើង មួក រុំកន្សែងនៅក ដើម្បីរក្សារាងកាយឱ្យមានភាពកក់ក្តៅ ព្រោះអាកាសធាតុត្រជាក់អាចធ្វើឱ្យយើងផ្តាសាយ គ្រុនផ្តាសាយ រលាកសួត ឬគាំងបេះដូងជាដើម។


២. ឧស្សាហ៍ហាលថ្ងៃ

ពេលអាកាសធាតុចុះត្រជាក់ មេឃឧស្សាហ៍ស្រទំ មិនសូវមានពន្លឺថ្ងៃទេ។ យើងក៏មិនសូវចេញក្រៅដែរព្រោះត្រជាក់។ ការមិនបានប៉ះពន្លឺព្រះអាទិត្យគ្រប់គ្រាន់ក្នុងអំឡុងរដូវរងាអាចបណ្តាលឱ្យស្បែកយើងស្លេក និងអាចធ្វើឱ្យយើងខ្វះវីតាមីន D ដែលអាចប៉ះពាល់ដល់សុខភាពយើង ជាពិសេសសុខភាពឆ្

អឹង។


៣. ឧស្សាហ៍លាងដៃ

យើងត្រូវឧស្សាហ៍លាងដៃដើម្បីការពារខ្លួនពីការឆ្លង ឬចម្លងបាក់តេរី ឬវីរុស។


៤. ឈប់ជក់បារី

ការជក់បារីធ្វើឱ្យយើងងាយនឹងឆ្លងមេរោគផ្លូវដង្ហើមក្នុងរដូវរងាណាស់។


៥. ញុំាទឹកឱ្យបានច្រើន


យើងគួរញុំាទឹកយ៉ាងហោចណាស់ ៦-៨ កែវក្នុងមួយថ្ងៃដើម្បីកុំឱ្យរាងកាយខ្វះជាតិទឹក។ ទឹកអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយ និងធ្វើឱ្យស្បែកយើងមានសំណើម។ យើងគួរចៀសវាងការញុំាគ្រឿងស្រវឹង ព្រោះគ្រឿងស្រវឹងធ្វើឱ្យយើងបត់ជើងតូចច្រើនដែលងាយធ្វើឱ្យយើងខ្សោះជាតិទឹក។


៦. ហាត់ប្រាណឱ្យបានទៀងទាត់

ពេលអាកាសធាតុចុះត្រជាក់ យើងអាចមានអារម្មណ៍ងងុយគេង ឬខ្ជិល។ ការហាត់ប្រាណអាចជួយដាស់អារម្មណ៍ និងធ្វើឱ្យយើងមានអារម្មណ៍ល្អ ព្រោះខួរក្បាលរបស់យើងនឹងបញ្ចេញអ័រម៉ូន Endorphins ដែលជាអ័រម៉ូនធ្វើឱ្យយើងសប្បាយចិត្ត។


មិនត្រឹមតែប៉ុណ្ណោះ ការហាត់ប្រាណជួយបង្កើនកម្តៅរាងកាយ និងជួយពង្រឹងប្រព័ន្ធការពាររាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងគ្រុនផ្តាសាយ ព្រមទាំងអាចជួយឱ្យយើងរក្សា ឬសម្រកទម្ងន់ ធ្វើឱ្យឈាមរត់បានល្អ (បន្ថយសម្ពាធឈាម) និងជួយឱ្យយើងគេងលក់ស្រួល។


៧. ញុំាអាហារល្អចំពោះសុខភាព

យើងគួរចៀសវាងញុំាអាហារដែលមានផ្ទុកជាតិខ្លាញ់ ស្ករ និងហ្គាសច្រើន ព្រោះអាហារទាំងនេះអាចបណ្តាលឱ្យមានបញ្ហារំលាយអាហារ និងក្រហាយទ្រូងដែលអាចប៉ះពាល់ដល់ដំណេករបស់យើង។


៨. គេង ៨ម៉ោងក្នុង ១ថ្ងៃ

ការគេងគ្រប់គ្រាន់មានសារៈសំខាន់ណាស់នៅរដូវរងា ដែលជាពេលប្រព័ន្ធរាងកាយរបស់យើងចុះខ្សោយ។ យើងគួរគេងឱ្យបាន ៨ម៉ោងដើម្បីបំពេញថាមពល ជួយពង្រឹងប្រព័ន្ធការពាររាងកាយ និងដុតបំផ្លាញកាឡូរី។ ម្យ៉ាងទៀត យើងក៏មិនគួរគេងលើសពី ៨ម៉ោងដែរ ព្រោះអាចធ្វើឱ្យយើងអសកម្ម។


លើសពីនេះទៅទៀត ដើម្បីថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់ យើងគួរចៀសវាងការញុំាទឹកកក ព្រោះការញុំាទឹកកកអាចធ្វើឱ្យយើងផ្តាសាយ ឬរលាកបំពង់ក។ យើងគួរញុំាទឹកក្តៅឧណ្ហៗ ឬអាហារក្តៅៗដូចជា ស៊ុប បបរ គុយទាវ ជាដើម។


0.000 SRY$0.00
SmartVey

Comments