Serey is utilizing Blockchain technology

ធ្វើយ៉ាងណាទើបមានតុល្យភាពការងារ-ជីវិត?

sivya

ប្រហែលជាមានអ្នកខ្លះយល់ឃើញថា បើនៅទំនេរមិនធ្វើអ្វីសោះ ចេះតែមានអារម្មណ៍ថាខ្លួនឯងមិនបានការ ឬមិនមានប្រយោជន៍អ្វីសោះ ទើបតែងតែរៀបកាលវិភាគមមាញឹកសម្រាប់ខ្លួនឯង តែពួកគាត់មិនបានដឹងទេថាការធ្វើបែបនេះបាននិងកំពុងតែធ្វើឲ្យជីវិតរបស់ខ្លួនពិបាកក្នុងការមានតុល្យភាពការងារ-ជីវិតហើយក៏មានអ្នកខ្លះដាក់សម្ពាធចំពោះខ្លួនឯងក្នុងការសម្រេចគោលដៅជីវិតពេករហូតដល់ភ្លេចគិតពីសុខមាលភាពផ្លូវចិត្តរបស់ខ្លួន។



ប្រសិនបើអ្នកគិតថា ខ្លួនឯងហាក់ដូចជាបាត់បង់នូវរសជាតិជីវិត ឬជីវិតដែលមានគុណភាពនោះ អ្នកគួរងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់អាននូវសំណួរ-ចម្លើយខ្លីៗអំពីតុល្យភាពការងារ-ជីវិតខាងក្រោមនេះ…


សំណួរ៖ អ្វីទៅជា«តុល្យភាពការងារ-ជីវិត»?

ចម្លើយ៖ «តុល្យភាពការងារ-ជីវិត» សំដៅទៅលើតុល្យភាពរវាងការប្រកបកិច្ចការងារនិងជីវិតគ្រួសារការកម្សាន្ត ឬអាចនិយាយបានថាជាជីវិតដែលមិនទន់ទោរទៅលើខាងណាខ្លាំង ដោយមានការបែងចែកពេលវេលា២៤ម៉ោង/ថ្ងៃ បានល្អ។


សំណួរ៖ តើ «តុល្យភាពការងារ-ជីវិត» មានសារសំខាន់អ្វីខ្លះចំពោះប្រសិទ្ធភាពការងារ?

ចម្លើយ៖

- បង្កើនប្រសិទ្ធភាពការងារ

- កាត់បន្ថយការឈប់សម្រាកដោយសារជំងឺ ជាពិសេសបញ្ហាថប់បារម្ភ

- កម្លាំងបំពេញការងារកាន់តែរឹងមាំ វិជ្ជមាន និងមិនមានបញ្ហាស្មុគស្មាញ

- មានអារម្មណ៍ល្អចំពោះខ្លួនឯង និងទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងគ្រួសារ

- បង្កើនភាពស្មោះត្រង់ ការប្តេជ្ញាចិត្ត និងកម្លាំងចិត្តចំពោះការងារ និងក្រុមហ៊ុន

- កាត់បន្ថយសម្ពាធការងារ។


សំណួរ៖ តើ «សុខភាពផ្លូវចិត្ត» និង«តុល្យភាពការងារ-ជីវិត» មានទំនាក់ទំនងគ្នាបែបណាខ្លះ?

ចម្លើយ៖ ប្រសិនបើជីវិត និងការងារមិនមានតុល្យភាពទេនោះ សម្ពាធផ្លូវចិត្ត និងស្ត្រេសនឹងធ្វើឲ្យអ្នកប្រឈមមុខខ្លាំងទៅនឹងបញ្ហាផ្លូវចិត្តរួមមានជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ។ល។


សំណួរ៖ តើគួរ និងមិនគួរធ្វើអ្វីខ្លះដើម្បីឲ្យមាន «តុល្យភាពការងារ-ជីវិត»?

ចម្លើយ៖

• ក្នុងម៉ោងការងារ

- រៀបចំបំបែកគោលដៅធំ ជាគោលដៅតូចៗដែលអាចសម្រេចបានជាប្រចាំថ្ងៃ

- បែងចែកពេលវេលាម៉ោងការងារប្រកបដោយប្រសិទ្ធភាព

- ស្នើសុំការឆ្លាស់ពេលវេលាធ្វើការ ក្នុងករណីចាំបាច់

- កុំក្រែងចិត្ត ឬរារែកក្នុងការសុំច្បាប់សម្រាក ពេលដែលត្រូវការពេលខ្លះសម្រាប់ខ្លួនឯង

- សម្រាកពេលខ្លី ដោយស្តាប់នូវបទចម្រៀង ឬភ្លេងដែលខ្លួនចូលចិត្ត

- កុំខ្លាចក្នុងការប្រាស្រ័យទាក់ទង និងស្នើសុំជំនួយពីមិត្តរួមការងារ និងថ្នាក់លើ

- កុំព្យាយាមដាក់សម្ពាធខ្លួនឯងជ្រុលពេក។

• ក្រៅម៉ោងការងារ

- កាត់ផ្តាច់ទំនាក់ទំនងរឿងការងារ លើកលែងតែករណីចាំបាច់ និងបន្ទាន់

- ចំណាយពេលវេលាដែលមានគុណភាពជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់

- បែងចែកឲ្យដាច់រវាងពេលវេលា និងបញ្ហាក្នុងការងារក្រុមហ៊ុន និងការងារ ក៏ដូចជាបញ្ហាក្នុងផ្ទះ

- ធ្វើលំហាត់ប្រាណជាប្រចាំ

- ទទួលទានអាហារ និងដំណេកឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់

- ស្វែងរកជំនួយ រាល់ពេលដែលត្រូវការ។

0.000 SRY$0.00
SmartVey

Comments