ប្រសាទអង្គរវត្តត្រូវបានសាងសង់ក្នុងឆ្នាំ ១១២២ គ.ស. ដោយព្រះបាទសូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ វាជាស្ថាបត្យកម្មសាសនាដ៏ធំបំផុតនៅលើពិភពលោក និងជាស្នាដៃអស្ចារ្យនៃសិល្បៈខ្មែរពីស.វទី១២។
នៅឆ្នាំ ១១២២ គ.ស. (ស.វទី១២) ព្រះបាទសូរ្យវរ្ម័នទី២ បានចាប់ផ្ដើមសាងសង់ប្រាសាទអង្គរវត្ត ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាលទ្ធិព្រះវិស្ណុ។ ប្រាសាទនេះមានផ្ទៃដីប្រហែល ១៦២.៦ ហិចតា និងមានរចនាបថអង្គរវត្ត ដែលបង្ហាញពីស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យ។ វាត្រូវបានគេចាត់ទុកជាស្នាដៃសិល្បៈកំពូលនៃអច្ឆរិយៈវត្ថុពិភពលោក។ ការសាងសង់នេះមិនមែនត្រឹមតែមានគោលបំណងសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាការរំលឹកដល់ស្នាដៃរបស់ព្រះអង្គផ្ទាល់ និងជាទីឋានបរមសុខសម្រាប់ព្រះអង្គនៅពេលសោយទីវង្គតផងដែរ។
នៅស.វទី១៤ ប្រាសាទអង្គរវត្តបានបោះបង់ចោលដោយសារការឈ្លានពានរបស់កងទ័ពសៀម។ ព្រះបាទបរមរាជាទី១ បានចាកចោលរាជធានីអង្គរក្នុងឆ្នាំ ១៣៨៨ គ.ស. បន្ទាប់មកនៅឆ្នាំ ១៥៤០ គ.ស. ព្រះបាទចន្ទរាជាបានជួសជុលប្រាសាទឡើងវិញ ដោយជួសជុលរោងថែវខាងកើត និងបន្ថែមរូបព្រះពុទ្ធ៤អង្គនៅតួប៉មកណ្ដាល។ ក្រោយមកក្នុងឆ្នាំ ១៥៨៦ គ.ស. អានតូនីញូ ដា មាដេឡេណា ជាជនជាតិប៉ុទុយហ្គេសបានក្លាយជាជនអឺរ៉ុបដំបូងបង្អស់ដែលរកឃើញប្រាសាទនេះ និងបានធ្វើកំណត់ត្រាអំពីសំណង់ដ៏អស្ចារ្យនេះ។
នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ ប្រាសាទអង្គរវត្តត្រូវបានអង្គការយូណេស្កូ (UNESCO) ប្រកាសជាសម្បត្តិបេតិកភណ្ឌពិភពលោក។ វាជាប្រាសាទសាសនាដ៏ធំបំផុតនៅលើពិភពលោក ដែលបានចូលក្នុងកំណត់ត្រា Guinness World Records ក្នុងឆ្នាំ ១៩៨៥។ បច្ចុប្បន្នប្រាសាទអង្គរវត្តស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប និងជាគោលដៅទេសចរណ៍សំខាន់បំផុតរបស់កម្ពុជា ដែលបង្ហាញពីសិល្បៈ, វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរដ៏ល្អឥតខ្ចោះ។


Comments