ល្បើកសេក...!
(បទប្រាំពីរព្យាង្គ)
កាលពីព្រេងនាយ រាយរាប់ថា
មានអ្នកឧកញ៉ា មេត្តាសត្វ
សេកសារិកា ក្លាវៃក្ដាត់
បង្ហាត់ឱ្យត្រិះ ចេះហាស្តី។
ថ្ងៃមួយឧកញ៉ា ថាចង់ប្ដូរ
រកស៊ីជួញដូរ ឆ្ងាយដែនដី
ហៅសេកមកក្បែរ ផ្ដែផ្ដាំន័យ
សារិកាវៃ លៃពិចារណ៍។
ពេលយើងមិននៅ ទៅរកស៊ី
ចូរឯងទាំងពីរ ម្នីម្នាការ
រ៉ាប់រងខុសត្រូវ ផ្លូវឋានច្បារ
ថែទាំសច្ចា ការពារផង។
សេកសារិកា ចារតបស្តី
ថាលោកកុំភ័យ បារម្ភហ្មង
ពួកយើងនឹងមើល មិនឱ្យឆ្គង
បំណងលោកម្ចាស់ ផ្គាប់ផ្គុនដែរ។
ពេលអ្នកឧកញ៉ា ទៅឆ្ងាយបាត់
អស់គ្រាច្រើនស្ងាត់ រសាត់ខែ
ភរិយាគាត់ផិត ចិត្តប្រួលប្រែ
លួចនាំគូស្នេហ៍ មកចូលផ្ទះ។
សារិកាស្គាល់ ពាល់ពោលថា
ឱសឱ! មាតា មារយាទរះ
លួចមានសហាយ ចាយកាយជះ
គិតថាខ្លួនឈ្នះ មានកេរ្តិ៍ឈ្មោះ។
លុះបានឮពាក្យ ច្រៀកប្រាយប្រាប់
ស្រីសាវាឆាប់ ចាប់យល់គ្រោះ
គាត់ធ្វើពុតខំ យំស្ដាយយស
សុំអនុគ្រោះ សារិកា។
ឱ! សារិកា កូនម្តាយអើយ
ខ្លួនម៉ែខុសហើយ មិនគួរណា
ផិតចិត្តស្វាមី មានស្នេហា
អាស្រូវកាយា អសោចកេរ្តិ៍។
បាបកម្មនេះធ្ងន់ ពន់ពេកក្រៃ
ទោះធ្លាក់អវិចី ឥតរួចទេ
មិនអាចលុបលាង ច្រៀងបំពេរ
កម្មពីបុព្វេ ជ្រេសុខសាន្ត ។
ពោលចប់ស្រីនោះ អង្គុយយំ
ខ្សឹកខ្សួលអួលងំ មុខចង្ក្រាន
សារិកាឃើញ យំបោកប្រាណ
គិតស្មានថាគាត់ កើតទុក្ខពិត។
វាក៏ហើរទៅ ទំលើស្មា
ស្រីដោយចិន្តា ក្ដីអាណិត
សារិកាចុះ មកកៀកកិត
ស្រីចើកលួចផិត គិតល្បិចច្នៃ។
ចាប់សារិកា ហើយពោលថា
នែ៎! សារិកា អាចង្រៃ
ឯងដឹងរឿងយើង ច្រើនពេកក្រៃ
ច្នេះឯងត្រូវក្ស័យ ថ្ងៃនេះម្តង។
ពោលចប់ហើយចាប់ ក្ដាប់មួលបត់
សត្វដ៏កម្សត់ ផុតសៅហ្មង
បោះចូលក្នុងភ្លើង ឆេះចម្លង
រលាយហ្មត់ហ្មង សូន្យសុងទៅ។
ពេលអ្នកឧកញ៉ា វិលមកដល់
ចិត្តលោកសែនឆ្ងល់ ពន់ពេកកូវ
ដ្បិតឃើញតែសេក ចាំលំនៅ
គាត់ហៅចៅរ៉ៅ សួរសេកថា ។
សេកអើយសេកសោម ឆោមនិមល
ចូរឯងពន្យល់ រាល់ហេតុការណ៍
កាលយើងទៅជួញ ឆ្ងាយវីឡា
តើមានព្រឹត្តិការណ៍ អ្វីកើតទេ?
សេកតបថាឱ ! លោកម្ចាស់អើយ
ពាក្យនេះខ្ញុំឆ្លើយ ដោយគ្នាន់គ្នេរ
ខ្ញុំមិនដឹងឮ ឃើញអ្វីទេ
រិះរេដឹងបាត់ សារិកា។
មិនដឹងថាវា មានរឿងអ្វី
ឬក៏មានស្រី គូសង្សារ
លួចទៅរួមរ័ក្ស ទាក់កាយា
ក្នុងព្រៃព្រឹក្សា ស្មាលាឋាន។
រឿងនេះខ្ញុំសេក វែកមិនច្បាស់
សូមទានប្រុសម្ចាស់ ស្តាប់ឱ្យបាន
ចាំសារិកា វិលវិញថ្កាន
ទើបអាចប្រាប់បាន នូវការពិត៕
០៥ មីនា ២០២១
ខូយ ខុន(អក្ខរាប្រលោម)


Comments