Serey is utilizing Blockchain technology

វិធីសាស្រ្ត ៧យ៉ាងជួយបង្កើនការចងចាំឱ្យកាន់តែមានប្រសិទ្ធភាព

anariya
ការចងចាំល្អទាមទារឱ្យមានការហ្វឹកហាត់​សមត្ថភាពខួរជាប្រចាំ ដោយសារខួរក្បាលក៏ជាកន្លែងផ្ទុកឯកសារមិនចេះពេញ និងជាទីតាំងផលិតគំនិតច្នៃប្រតិដ្ឋថ្មីៗជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ បើការចងចាំរបស់អ្នកចុះខ្សោយអាចសាកល្បងវិធីសាស្រ្តមួយចំនួន រួមមាន បង្កើនការចាប់អារម្មណ៍ និងទន្ទេញញឹកញាប់ បង្កើតរូបភាពក្នុងអារម្មណ៍ និងរៀបចំគំនិតតាមលំដាប់លំដោយ ស្ដាប់តន្រី្ត ធ្វើលំហាត់ខួរក្បាល ទទួលទានអាហារដែលមានប្រយោជន៍ដល់ខួរក្បាល និងផឹកកាហ្វេ ដើម្បីជួយបង្កើនការចងចាំឡើងវិញ ។ ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលលោកអាចយកទៅអនុវត្តបានតាមការណែនាំរបស់អ្នកជំនាញ ។

១. បង្កើនការចាប់អារម្មណ៍ និងទន្ទេញញឹកញាប់ ៖ អ្នកពិតជាមានសមត្ថភាពចងចាំបានល្អ ប្រសិនផ្ដោតលើវត្ថុ ឬរឿងអ្វីម៉្យាងដែលលោកអ្នកចង់ចងចាំ។ ទន្ទឹមនឹងនេះ រក្សាចំណាប់អារម្មណ៍លើអ្វីដែលអ្នកចង់ចងចាំ ហើយគិតថាពេលដែលធ្វើវាពិតជាមានប្រយោជន៍សម្រាប់ជីវិតរបស់អ្នក។ ម៉្យាងវិញទៀត ការទន្ទេញដដែលៗជាញឹកញាប់ជាទង្វើល្អបំផុតដើម្បីងាយចងចាំក្នុងរយៈពេលខ្លី ។ ឧទាហរណ៍ លោកអ្នកចង់ចងចាំលេខទូរស័ព្ទ ដោយទន្ទេញជាដុំ ឬជាក្រុម អាចជួយឱ្យលោកអ្នកងាយនឹកឃើញយ៉ាងស្រួល ។

២. បង្កើតរូបភាពក្នុងអារម្មណ៍ និងរៀបចំគំនិតតាមលំដាប់លំដោយ ៖ គិតដល់អ្វីដែលចង់ចាំដោយភ្ជាប់វាទៅនឹងអ្វីមួយ ។ លើសពីនេះ បង្កើតជារឿងមួយឈុតដោយផ្សារភ្ជាប់ជាមួយនឹងអ្វីដែលលោកអ្នកចង់ចងចាំ នោះនឹងងាយរកនឹកឃើញ ។ ម៉្យាវិញទៀត រក្សារូបភាពទាំងនោះទុកក្នុងអារម្មណ៍ ហើយរំលឹករូបភាពដែលចង់ចងចាំដើម្បីកុំឱ្យភ្លេច ។ ជាពិសេសរៀបចំគំនិតតាមលំដាប់លំដោយ ជារឿងល្អនៅពេលរៀនអ្វីមួយ ត្រូវយល់ឱ្យបានច្បាស់ទើបប្រសើរ ។ បើអ្នកមិនទាន់យល់ទេ ចូរសួរសំណួរ ឬសួរទាល់តែយល់បានច្បាស់ ទើបលោកអ្នកមិនងាយនឹងភ្លេចទៅវិញ ។

៤. ស្ដាប់តន្រី្ត ៖ ការស្តាប់ភ្លេងបែបក្លាស៊ិក នឹងធ្វើឱ្យអ្នកមានការចងចាំបានល្អ ។ ផ្ទុយទៅវិញ ពេលដែលស្តាប់ភ្លេងចង្វាក់ញាក់មិនមានប្រយោជន៍ដល់ការចងចាំឡើយ ។ បើទោះជាស្ដាប់បទភ្លេងមិនបានផ្ដល់ផលប្រយោជន៍ដល់រាងកាយក៏ពិតមែន ប៉ុន្តែអាចជួយបង្កើនសមត្ថភាពចងចាំបានល្អ ។ លើសពីនេះ ស្ដាប់តន្ត្រីដែលអ្នកចូលចិត្តជាប្រចាំ ហើយព្យាយាមចងចាំបទភ្លេង និងអត្ថបទចម្រៀង អ្នកនឹងបានឃើញពីអត្ថប្រយោជន៍របស់តន្ត្រី ។

៥. ធ្វើលំហាត់ខួរក្បាល ៖ បើលោកអ្នកមិនចង់បាត់បង់ការចងចាំនៅវ័យចាស់ទេ ចូរប្រើប្រាស់ខួរក្បាលឱ្យបានច្រើន ។ ទន្ទឹមនឹងនេះ លេងល្បែងល្បងប្រាជ្ញា ការរកពាក្យបណ្ដៅ ការលេងល្បែងពាក្យខ្វែង ជាលំហាត់ខួរក្បាលដ៏ល្អបំផុត។ លើសពីនេះ ការធ្វើលំហាត់ប្រាណជាប្រចាំនឹងជួយឱ្យចលនាបេះដូងដើរបានល្អ បញ្ជូនអុកស៊ីហ្សែនទៅខួរក្បាលបានប្រសើរជាងធម្មតា និងកាត់បន្ថយបញ្ហាស្ត្រេសដែលជាមូលហេតុធ្វើឱ្យការចងចាំងាយនឹងបាត់បង់ ។

៦. ទទួលទានអាហារដែលមានប្រយោជន៍ដល់ខួរក្បាល ៖ បើនិយាយពីសុខភាពខួរក្បាល ត្រីសម្បូរខ្លាញ់ អាចចាត់ទុកជាអាហារដំបូងបង្អស់សម្រាប់ពិចារណា រួមមាន ត្រីសាល់ម៉ុន ត្រីដ្រូត (ស្រដៀងត្រីព្រួល) និងត្រីសាឌីនជាដើម ព្រោះពពួកត្រីទាំងនេះ សម្បូរអាស៊ីដខ្លាញ់អូមេហ្គា ៣ ។ ខ្លាញ់ត្រី គឺជាជម្រើសដែលល្អជាងគេ បន្ទាប់មកគឺប្រេងអូលីវ វីតាមីនC និងE ចេញពីផ្លែឈើដូចជាក្រូច ទំពាំងបាយជូរក្រហម និងវីតាមីនB ចេញពីបន្លែបៃតង ។ ចំណែកឯគ្រឿងស្រវឹងវិញ គួរកាត់បន្ថយ ឬជៀសវាង ព្រោះវានឹងអាចប៉ះពាល់ដល់សមត្ថភាពចងចាំរបស់អ្នក ។

៧. ផឹកកាហ្វេ ៖ ញ៉ាំកាហ្វេនៅពេលព្រឹក ធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ស្ងប់អារម្មណ៍ ងាយនឹងចងចាំបានស្រួលជាងធម្មតា ។ ទន្ទឹមនឹងនេះ កាហ្វេមានសារធាតុសំខាន់ពីរ គឺជាតិកាហ្វេអ៊ីន និងជាតិប្រឆាំងអុកស៊ីតកម្ម ដែលល្អខ្លាំងសម្រាប់ខួរក្បាល ។ សារធាតុទាំងនេះ អាចជួយលោកអ្នកបង្កើនការប្រុងប្រយ័ត្ន និងផ្ចង់អារម្មណ៍បានល្អ ។ ការទទួលទានកាហ្វេក្នុងកម្រិតត្រឹមត្រូវ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព ៕

0.000 SRY$0.00
SmartVey

Comments