រុក្ខជាតិប្រភេទផ្កាមួយចំនួន មិនត្រឹមតែមានសម្រស់ស្រស់ស្អាតនិងសម្រាប់ដាំលម្អប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងដើរតួជារុក្ខជាតិឱសថបែបបុរាណដែលដើរតួយ៉ាងសំខាន់បម្រើឱ្យជីវិតរស់នៅមនុស្ស-សត្វ។ ខណៈនេះ SBM News នឹងលើកយករុក្ខជាតិផ្កាដ៏មានអត្ថប្រយោជន៍ ៦ ប្រភេទ ដែលត្រូវបានគេប្រើប្រាស់ជាឱសថយ៉ាងទូលំទូលាយនៅក្នុងប្រទេសឥណ្ឌា៖
ផ្កា រំយោល
រំយោល គឺជាផ្កាពណ៌ក្រហមដ៏មានការដាំដុះដ៏ពេញនិយមបំផុតនៅកម្ពុជាយើង ហើយក៏ត្រូវបានគេស្គាល់ថា ជាផ្កាទេវៈដ៏សំខាន់បំផុតដែលត្រូវបានគេគោរពនៅក្នុងប្រទេសឥណ្ឌា និងជាផ្កាសំណព្វរបស់អាទិទេពក្នុងសាសនាហិណ្ឌូ។ ផ្កាប្រភេទនេះ ត្រូវបានគេដាំដុះជារុក្ខជាតិលម្អ បន្ថែមពីនេះ តែ ឬទឹកតែ ដែលផលិតពីផ្កានេះត្រូវបានគេដឹងថា មានជីវជាតិខ្ពស់ជាមួយនឹងវីតាមីន C ដ៏ច្រើនលើសលុប និងមានការប្រើប្រាស់ផ្សេងៗទៀតផ្នែកវេជ្ជសាស្រ្ដនៅក្នុងប្រទេសឥណ្ឌាផងដែរ។
ផ្កាស្បៃរឿង
ផ្កាស្បៃរឿង មានឈ្មោះទូទៅជាភាសាអង់គ្លេសគឺ marigold ។ វាគឺជាផ្កាដែលមានការប្រើប្រាស់ដ៏ពេញនិយមយ៉ាងខ្លាំងនៅក្នុងវប្បធម៌ឥណ្ឌាក្នុងពិធីបុណ្យ Deepawali ដែលប្រើសម្រាប់ការតុបតែង និងពិធីបុណ្យសាសនា។ បន្ថែមពីនោះ វាក៏មានអត្ថប្រយោជន៍សុខភាព ដ៏អស្ចារ្យដូចជាជួសជុលជាលិកាស្បែកថ្មី និងទឹកតែផ្កា ស្បៃរឿងគឺជាឱសថដ៏ល្អសម្រាប់ដំបៅមាត់ និងក្រពះ។
ផ្កាឈូក
ផ្កាឈូក គឺជាប្រភេទរុក្ខជាតិទឹកដ៏ស្រស់ស្អាតបំផុត ហើយជាផ្កាជាតិរបស់ប្រទេសឥណ្ឌា។ ផ្កាឈូក ក្រៅពីមានប្រយោជន៍គ្រប់បែបយ៉ាងរាប់តាំងមើម ឬស ដើម ស្លឹក ផ្លែនិងផ្កាហើយនោះ វាក៏ត្រូវបានគេប្រើសម្រាប់ព្យាបាលរោគរាគ, ជំងឺអាសន្នរោគ, និងគ្រុនក្ដៅផងដែរ។
ផ្កាឆ័ត្រ ឬផ្កានាឡិកា
ផ្កាឆ័ត្រ មានដើមកំណើតនៅប្រទេសម៉ាដាហ្គាស្ការ ប៉ុន្តែឥឡូវនេះត្រូវបានគេរកឃើញទូទាំងពិភពលោក ហើយត្រូវបានដាំដុះជារុក្ខជាតិលម្អ និងជារុក្ខជាតិឱសថ។ វាមានអត្ថប្រយោជន៍ ប្រើសម្រាប់ប្រឆាំងនឹងជំងឺជាច្រើននៅក្នុងឱសថបុរាណឥណ្ឌា។
ផ្កាកុលាប
ផ្កាកុលាបគឺជាផ្កា ដ៏ពេញនិយម មានរាប់រយប្រភេទដែលមានពណ៌ខុសៗគ្នា ហើយប្រភេទភាគច្រើនមានដើមកំណើតនៅប្រទេសឥណ្ឌា និងអាស៊ី។ ផ្កាប្រភេទនេះ ជាប្រភពនៃវីតាមីន C ដែលអាចប្រើក្នុងឱសថបុរាណ សម្រាប់បញ្ហាក្រពះ។
ផ្កាឈូករ័ត្ន
ផ្កាឈូករ័ត្ន ត្រូវបានដាំដុះជាចម្បងជាដំណាំអាហារសម្រាប់មនុស្ស និងជារុក្ខជាតិលម្អនៅក្នុងសួនច្បារ។ វាគឺជាប្រភពដ៏ល្អនៃផូស្វ័រ និងមានសារធាតុរ៉ែដែលមានប្រយោជន៍សម្រាប់សុខភាពរបស់យើង និងជួយកាត់បន្ថយសម្ពាធឈាម និងជំនួយដល់សុខភាពឆ្អឹង៕

Comments