Serey is utilizing Blockchain technology

អាហារូបត្ថម្ភត្រឹមត្រូវសម្រាប់កុមារ

anariya

តើអ្វីទៅជាអាហារូបត្ថម្ភ និងមានប៉ុន្មានកម្រិត?
អាហារូបត្ថម្ភគឺជាសារជាតិចិញ្ចឹម (nutrients) មានក្នុងអាហារដែលយើងបរិភោគរាល់ថ្ងៃ រួមទាំងភេសជ្ជៈផងដែរ ដើម្បីទ្រទ្រង់រាងកាយ​ និងសុខភាពរបស់មនុស្សយើង។ បរិមាណសារជាតិចិញ្ចឹមមានតិចឬច្រើនអាស្រ័យលើប្រភេទអាហារនីមួយៗ។ ដើម្បីបឺតស្រូបយកសារជាតិចិញ្ចឹមសម្រាប់ប្រើប្រាស់បានដោយរាងកាយ អាហារ​ ឬភេសជ្ជៈត្រូវឆ្លងកាត់បីដំណាក់កាលគឺ៖
១.  អាហារឬភេសជ្ជៈត្រូវបានហូបចូល។
២. រាងកាយបំបែកអាហារឬភេសជ្ជៈទៅជាសារជាតិចិញ្ចឹម។
៣.  ​សារជាតិចិញ្ចឹមធ្វើដំណើរតាមចរន្តឈាមចូលទៅផ្នែកផ្សេងៗនៃរាងកាយដើម្បីប្រើប្រាស់តាមតម្រូវការ។  

សារជាតិចិញ្ចឹមក្នុងបរិបទអាហារូបត្ថម្ភចែកជាពីរ គឺ៖  
• ម៉ាក្រូសារជាតិ (macronutrient)៖ ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនមានដូចជា៖
-​ កាបូហាយដ្រេត (ជាតិម្សៅ)៖ មានប្រភពពីបាយ ឬនំបុ័ងជាដើម។ មុខងាររបស់កាបូហាយ ដ្រេត គឺផ្តល់ថាមពល។
- ប្រូតេអ៊ីន (សាច់)៖ មានប្រភពពីសាច់មាន់ត្រី ឬសាច់គោជាដើម។ ប្រូតេអ៊ីនជួយសាងសង់ ជួសជុល និងថែរក្សាកោសិកា និងជាលិការបស់រាងកាយ ដូចជាសាច់ដុំ ស្បែក សរីរាង្គ ឈាម និងឆ្អឹង។
- លីពីត (ខ្លាញ់)៖ មានប្រភពពីខ្លាញ់មាន់ ទា ឬប្រេងសណ្តែក ប្រេងបន្លែជាដើម។ ខ្លាញ់ជួយឲ្យរាងកាយបឺតស្រូបប្រូតេអ៊ីន និងកាបូហាយដ្រេតកាន់តែមានប្រសិទ្ធភាព។
• មីក្រូសារជាតិ (micronutrient)៖ ជាប្រភេទសារជាតិចិញ្ចឹមដែលរាងកាយយើងត្រូវការក្នុងបរិមាណតិចមានដូចជាពួកជាតិរ៉ែខនិជ និងវីតាមីន។  ជាតិរ៉ែខនិជ ចែកជាពីរគឺ ម៉ាក្រូរ៉ែ និងមីក្រូរ៉ែ។ ម៉ាក្រូរ៉ែ គឺជារ៉ែដែលរាងកាយយើងត្រូវការក្នុងបរិមាណច្រើនជាងមីក្រូរ៉ែ គឺច្រើនជាង២៥០មីលីក្រាមជារៀងរាល់ថ្ងៃសម្រាប់មនុស្សម្នាក់។ ម៉ាក្រូរ៉ែមានដូចជា៖ កាល់ស្យូម ប៉ូតាស្យូម ផូស្វ័រ សូដ្យូម ស៊ុលផាត ម៉ាញេស្យូម និងក្លរ។ មីក្រូរ៉ែគឺជារ៉ែ ដែលរាងកាយយើងត្រូវការក្នុងបរិមាណតិច គឺតិចជាង២០មីលីក្រាមជារៀងរាល់ថ្ងៃសម្រាប់មនុស្សម្នាក់។មីក្រូរ៉ែមានដូចជា៖ ជាតិដែក អ៊ីយ៉ូត ទង់ដែង ស័ង្កសី សេលីញូម កុបព័រ ម៉ូលីដែន ម៉ង់កាណែស បារុន ក្រូម នីកែល​ និង ភ្លុយអរ។ ចំពោះ វីតាមីនវិញមានពីរប្រភេទគឺ វីតាមីនរលាយក្នុង ទឹកនិងវីតាមីនរលាយក្នុងខ្លាញ់។ វីតាមីនរលាយក្នុងទឹកមានដូចជា៖ វីតាមីន B1, B2, B6, B12, អាស៊ីតហ្វូលីក អាស៊ីតប៉ង់តានិច វីតាមីន C។ វីតាមីនរលាយក្នុងខ្លាញ់មានដូចជា៖ វីតាមីន A, D, E, និង K។  

តើកុមារត្រូវការអាហារូបត្ថម្ភច្រើនជាងមនុស្សធំឬយ៉ាងណា? ហេតុអ្វី?
ជាធម្មតាក្មេងត្រូវការអាហារូបត្ថម្ភក្នុងបរិបទជាសារជាតិចិញ្ចឹមតិចជាងមនុស្សពេញវ័យ។ ឧទាហរណ៍ ដូចជាតម្រូវការថាមពល គឺអាស្រ័យលើអាយុ ភេទ និងសកម្មភាពប្រចាំថ្ងៃ។ ឧទាហរណ៍ កុមារភេទប្រុសអាយុក្រោម១ខែត្រូវការថាមពលចំនួន៥១៨កាឡូរី ចំណែកកុមារភេទស្រី អាយុដូចគ្នាត្រូវការថាមពលតែចំនួន ៤៦៤កាឡូរី។ ក្មេងប្រុសអាយុពី ១ ដល់២ឆ្នាំ ត្រូវការថាមពល ៩៤៨កាឡូរី។ ចំណែកក្មេងស្រីអាយុដូចគ្នាត្រូវការថាមពលតែចំនួន ៨៦៥កាឡូរី។ មនុស្សប្រុសពេញវ័យអាយុពី ១៧ ដល់១៨ឆ្នាំ ត្រូវការថាមពល ៣,៤១០កាឡូរី។ មនុស្សស្រីពេញវ័យអាយុពី ១៧ ដល់១៨ឆ្នាំ ត្រូវការថាមពល ២,៥០៣កាឡូរី។

តើកុមារត្រូវការអាហារបែបណា?
តម្រូវការរបស់កុមារបែងចែកទៅតាមអាយុ៖
• កុមារអាយុពី ០ខែ ទៅ៦ខែ៖ ការបំបៅកូនដោយទឹកដោះម្តាយ ជួយឲ្យកុមារទទួលបានការចាប់ផ្តើមជីវិតដំបូងដ៏ល្អបំផុត។ ទឹកដោះម្តាយជាឱសថទិព្វ និងជាអាហារចម្បងតែមួយគត់ ដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់កុមារអាយុពី ០ខែ ទៅ៦ខែ។
• ក្មេងអាយុពី ៦ខែ ទៅ២៤ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយរួមជាមួយការចាប់ផ្តើមអាហារបន្ថែម គឺផ្តល់អាហារដែលមាន
អាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាពតាមអាយុសមស្របរបស់ទារក និងកុមារ។ អាហារបន្ថែមនោះគួរជាប្រភេទអាហារចម្រុះពីប្រភេទអាហារសំខាន់ៗទាំង ៣ក្រុម។ អាហារទាំង៣ក្រុមនេះរួមមានដូចជា៖
•​​ អាហារថាមពល៖​ មានប្រភពពី បាយ ដំឡូង ពោត ខ្លាញ់ដែលអាចផ្តល់ថាមពលដល់កុមារ។
• អាហារសាងសង់៖ មានប្រភពពីសាច់មាន់ ទា ត្រី សាច់ជ្រូក សាច់គោជាដើម ដែលជួយសាង-សង់រាងកាយកុមារឲ្យបានធំធាត់។
• អាហារការពារ៖ មានប្រភពពីបន្លែ ផ្លែឈើ ដែលសម្បូរសារជាតិរ៉ែខនិជ និងពួកវីតាមីនដែលអាចជួយកុមារឲ្យប្រឆាំងនឹងជំងឺផ្សេងៗ។

តើត្រូវផ្តល់អាហារឲ្យកុមារតាមរបៀបណាខ្លះដើម្បីឲ្យពួកគាត់លូតលាស់ និងមានសុខភាពល្អ? 
ដើម្បីឲ្យក្មេងមានការលូតលាស់ល្អ ចាំបាច់ណាស់ត្រូវផ្តល់អាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាពតាមអាយុសមស្របរបស់ទារក និងកុមារទៀងទាត់ពេលវេលា និងមានការយកចិត្តទុកដាក់។
• ក្មេងក្រោមអាយុ ៦ខែ៖ បំបៅទឹកដោះម្តាយតែមួយគត់ និងបំបៅតាមតែពួកគេចង់បៅ។
• ក្មេងអាយុ ៦ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ២ដង ក្នុងមួយថ្ងៃ (២ ទៅ ៣ស្លាបព្រាបាយម្តង)
• ក្មេងអាយុ ៧ ទៅ ៨ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (កន្លះចានចង្កឹះម្តង)
• ក្មេងអាយុ ៩ ទៅ ១១ខែ៖ បន្តបំបៅកូនដោយ ទឹកដោះម្តាយនិងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (កាច ឬជាងកន្លះចានចង្កឹះម្តង) ជាមួយអាហារក្រៅពេលម្តងក្នុងមួយថ្ងៃ    
• ក្មេងចាប់ពីអាយុ ១២-២៤ខែ៖ បន្តបំបៅកូនដោយទឹកដោះម្តាយ និងផ្តល់អាហារបន្ថែម ៣ដងក្នុងមួយថ្ងៃ (មួយចានចង្កឹះពេញ) ជាមួយអាហារក្រៅពេលពីរដងក្នុងមួយថ្ងៃ។

0.000 SRY$0.00
SmartVey

Comments